ស្នាព្រះហស្ត និងការចងចាំរបស់ប្រជារាស្រ្តខ្មែរ

1993

13244866_1714437765485739_4273480212513818934_nរាត្រីថ្ងៃចន្ទ ១៥រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ គឺជារាត្រីចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ ប៉ុន្តែ រាត្រីនេះ ក៏ជារាត្រី ដែលធ្វើ ឲ្យរាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស និងប្រជារាស្រ្តខ្មែរទាំងអស់រន្ធត់ ក្តុក្តួល រំជួលចិត្តបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ គឺការយាងចូលទីវង្គតដោយព្រះជរាពាធ របស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុកាលពីវេលាម៉ោង១ នឹង២០នាទីរំលងអធ្រាត្រ នៅទីក្រុងប៉េកាំង ប្រទេសចិន ។

ការសោយទីវង្គត របស់ព្រះមហាវីរក្សត្រ ក៏ធ្វើឲ្យកម្ពុជា បាត់បង់នូវកំពូលធនធានមនុស្ស ដែលប្រកបដោយបញ្ញាញ្ញាណ ក្នុងការស្វែងរកសន្តិភាព ឯករាជ្យភាព និងបូរណភាពទឹកដី នៃប្រជាជាតិកម្ពុជា អន្តរជាតិ ទាំងក្នុងតំបន់ និងពិភពលោកផងដែរ។

ឯថ្នាក់ដឹកនាំកំពូល នៃប្រទេសចិន មានលោកប្រធានាធិបតី ហ៊ូ ជីនតាវ លោកវេង ជាវប៉ាវ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត បក៏បានអញ្ជើញមកចូលរួមរំលែក កាន់ព្រះមរណទុក្ខ ចំពោះព្រះបរមសព អតីតព្រះមហាក្សត្រកម្ពុជាដែរ។

ដើម្បីថ្វាយព្រះកិត្តិយស ព្រះកិត្តិនាម ដល់មហាគំរូវីរភាពរបស់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៍ណែនាំដល់មន្រ្តីរាជការ ស្ថាប័នរដ្ឋ ឯកជន និងប្រជារាស្រ្តខ្មែរ ប្រារព្ធពិ ធីរំលែក និងកាន់មរណទុក្ខចំពោះព្រះបរមសព រយៈពេល៧ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានតម្រូវឲ្យគ្រប់បណ្តាស្ថាប័នរដ្ឋ ឯកជន ប្រជា ពលរដ្ឋ និងបណ្តាស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជានៅបរទេសទាំងអស់ ត្រូវបង្ហូតទង់ជាតិទម្លាក់ចុះកម្ពស់១/៣ នៃដង។

ព្រះបរមសព ត្រូវបានតម្កល់នៅទីក្រុងប៉េកាំងប្រទេសចិន រយៈពេល៣ថ្ងៃ។ ព្រះបរមសព ត្រូវបានយាងមកកម្ពុជាវិញតាមជើងហោះហើរព្រះទីនាំងយន្តហោះពិសេស អ៊ែរឆាយណា និងបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង២.៥០នាទីរសៀល ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១២។ ព្រះ បរមសព ក៏ត្រូវបានយាងអមព្រះរាជដំណើរ ដោយព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរ និង សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន។

មុនពេលព្រះទីនាំងយន្តហោះចុះចត នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ចាប់ពីមុខព្រះបរម រាជវាំង រហូតដល់ព្រលានយន្តហោះ មានមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជាងមួយលាននាក់ បាននាំគ្នារង់ចាំទទួលព្រះរាជបដិសណ្ឋារកិច្ចថ្វាយព្រះបរមសព។ ពួក គេម្នាក់ៗ ដែលស្លៀកពាក់អាវស សំពត់ ខោខ្មៅ ពាក់បូរកាន់មរណទុក្ខនេះ សុទ្ធតែប្រកបដោយទឹកមុខក្រៀមក្រំ ស្រពាប់ស្រពោន និងសោកស្តាយបំផុត។ ចំណែកថ្នាក់នាំកំពូលៗ ដូចជា សម្តេចពញាចក្រីហេងសំរិន លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត និង ឥស្សរជនជាច្រើនរូបទៀត ដែលរង់ចាំទទួលព្រះរាជបដិសណ្ឋារកិច្ច ថ្វាយព្រះបរមសព នៅឯព្រលានព្រះទីនាំងយន្តហោះវិញ ក៏មានទឹកមុខបង្កប់ដោយក្តីអាឡោះអាល័យ ស្តាយស្រណោះ ចំពោះព្រះបរមសពអតីតព្រះមហាក្សត្រខ្មែរផងដែរ។

នៅពេលព្រះទីនាំងយន្តហោះចុះចតនៅព្រលាន និង ព្រះបរមសព ត្រូវបានរំកិលចុះពីព្រះទីនាំងយន្តហោះ មកតម្កល់លើព្រះទីនាំងរថយន្តសុវណ្ណហង្ស ការទទួលព្រះរាជបដិសណ្ឋា រកិច្ចថ្វាយព្រះសព ពោរពេញទៅដោយក្តីរន្ធត់ និងអាឡោះអាល័យ។

ព្រះបរមសព ត្រូវបានព្រះសង្ឃ លោកតាជី យាយជី ប្រាព្ធពិធីបង្សុកូល នៅព្រះលានយន្តហោះអន្តរជាតិ តាមប្រពៃណីរួចរាល់ទើបបន្តយាងចាកចេញ ឆ្ពោះទៅកាន់ព្រះបរមរាជវាំង។

នៅតាមដងផ្លូវ ដ៏វែងឆ្ងាយ និងគ្រប់ច្រកល្ហក ខណៈព្រះទីនាំងរថយន្ត ព្រះបរមសពបរកាត់ ប្រជាពលរដ្ឋប្រមាណជាងមួយលាននាក់ បានឈរលើកដៃប្រណម ដោយទឹកមុខក្រៀមក្រំ ថ្វាយបង្គំ និងបួងសួងសុំឲ្យព្រះបរមសព អ្គសម្តេចឪ សម្តេចតា សម្តេចតាទួត យាងទៅកាន់ព្រះសុគតិភពគ្រប់ៗព្រះជាតិ។នៅម៉ោង ប្រមាណ ៥ .៣០នាទីល្ងាច ព្រះទីនាំង ព្រះបរមសព នៃព្រះបាទ សម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានមកដល់ព្រះបរមរាជវាំង។ ព្រះរាជវត្តមាន នៃព្រះបរមសព របស់ព្រះងង្គនៅពេលនេះ ធ្វើឲ្យកូនចៅ ចៅទួត របស់ ព្រះអង្គ ក្តុកក្តួល រំជួលចិត្ត ស្រក់ទឹកស្តាយព្រះកាយ ស្តាយទឹកព្រះទ័យ ស្នាព្រះហស្ថ ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ព្រះអង្គកាន់តែខ្លាំងថែមទៀត។

អ្នកចូលរួម ខ្លះ បានទួញសោក និយាយពណ៌នា ពីព្រះគុណសម្បត្តិ ដ៏មហិមា របស់ព្រះអង្គ នៅពេលក្បួនព្រះទីនាំងព្រះបរមសពយាងមកដល់។ ខ្លះទៀត មិនអាចហាស្តីអ្វីបាន ក្រៅពីបង្ហូរទឹកភ្នែក បង្ហាញពីទឹកចិត្តភក្តីរបស់ពួកគេ ចំពោះអតីតព្រះមហាក្សត្រខ្មែរ ដ៏មហស្ចារ្យ។

នៅតាមបណ្តាសាលាខេត្ត ស្រុក ក្រុង មួយចំនួន ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក៏បាននាំគ្នា រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូល បួងសួងថ្វាយព្រះវិញ្ញាណក្ខន្ធ អង្គសម្តេចឪ សម្តេចតា និង សម្តេចតាទួត សូមឲ្យព្រះយាងចាប់ព្រះបដិសន្ធិ ក្នុងឋានបរមសុខ សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

នៅតាមទីវត្តអារ៉ាមមួយចំនួន ព្រះចៅអធការវត្ត រួមទាំងឧបាសក ឧបាសិកា ចំណុះជើងវត្ត ក៏មានប្រារពពិធីថ្វាយ ព្រះបរមសពដែរ។

ជាមួយគ្នានេះ ស្ថាប័នព្រះពុទ្ធសាសនា អង្គការរដ្ឋ និងសហគមន៍អន្តរជាតិ បានថ្វាយព្រះសារលិខិតរំលែក និងកាន់មរណាទុក្ខ ចំពោះព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រផងដែរ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្វាយសារលិខិតរំលែកព្រះមរណទុក្ខ ដ៏ក្រៀមក្រំ និងសោកសៅនេះ។ សម្តេចតេជោ បានមានប្រសាសន៍ក្នុងសារលិខិតថា ការបាត់បង់ព្រះរាជវត្តមាន ដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នាឱកាសនេះ គឺជាការបាត់បង់នូវតួអង្គ នៃអតីតអង្គព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើម គ្មានគូប្រដូចមួយព្រះអង្គ ដែលជានិច្ចកាលទ្រង់បានបំពេញ នូវព្រះរាជបូជនិយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ។

សម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ បានបន្តពណ៌នាក្នុងសារលិខិតថា ថ្វីបើព្រះរូបព្រះកាយរបស់ព្រះអង្គទម្លាយក្ខន្ធ យាងទៅកាន់បរលោកហើយក្តី ប៉ុន្តែព្រះរាជលំអាន ព្រះវីរគំរូដ៏ល្អឆ្នើមរបស់អង្គសម្តេចឪ ជាអម្ចាស់ ទ្រង់ស្ថិតនៅគង់វង្សជាអមតៈ ក្នុងមនសិការរបស់សម្តេច និងព្រះសង្ឃ ព្រមទាំងជនរួមជាតិរបស់ព្រះអង្គ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ក៏បានលំអោនកាយ ឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ ផងដែរ។

ដោយឡែក មិត្តភក្តិបរទេសជាច្រើន ក៏បានផ្ញើព្រះរាជសារ និងសារ ដើម្បីចូលរួមរំលែកព្រះរាជមរណទុក្ខ ដូចជា ស្តេចស៊ូតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ បានមានព្រះរាជបន្ទូលក្នុងព្រះរាជសារ ចូលរួមរំលែមរណទុក្ខថា “ព្រះវររាជបិតាជាតិខ្មែរ ជាវីរបុរសដ៏ឆ្នើម ដែលនាំមកនូវការផ្លាស់ប្តូរជាច្រើន និងបានជំរុញឲ្យមានស្ថិរភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។ ព្រះអង្គនឹងត្រូវបាននឹករលឹកយ៉ាងក្រៀមក្រំ និងចងចាំយ៉ាងយូរដោយជនទាំងឡាយ ដែលស្គាល់ព្រះអង្គ

លោក អគ្គលេខាធិការ អ.ស.ប. បានគី មូន បានសរសេរក្នុងសាររំលែកព្រះមរណទុក្ខ ចំពោះការយាងចូលទីវង្គតរបស់អតីតព្រះមហាក្សត្រ ថា អង្គសម្តេចឪ សម្តេចតា ជាមេដឹកនាំនៃការបង្រួបបង្រួមជាតិ ដ៏គួរឲ្យគោរពម្នាក់។ ការលះបង់ដ៏យូរអង្វែងរបស់ព្រះអង្គ ចំពោះប្រទេសកម្ពុជា និងកេរ្តិ៍ដំណែលរបស់ព្រះអង្គ ក្នុងនាមជាមេដឹកនាំបង្រួបបង្រួមជាតិ គឺពិតជាគួរទទួលបានការគោរពបំផុត ពីប្រជាជនកម្ពុជា និង អន្តរជាតិ”។

លោកប្រធានាធិបតីបារាំងហ្វ្រង់ស័រ ហូឡង់ ក៏បានថ្វាយសារលិខិតចូលរួមរំលែក និងកាន់ព្រះមរណទុក្ខ នេះដែរ ដោយលោកលើកឡើងថា ការសោយទីវង្គត របស់ព្រះមហាវីរក្សនរោត្តមសីហនុ ធ្វើឲ្យលោកមានទុក្ខក្រៀមក្រំក្រលែង។ លោកបញ្ជាក់ថា អតីតព្រះមហាក្សត្រខ្មែរនរោត្តម សីហនុ គឺជាបុគ្គលដ៏ឆ្នើមមួយអង្គ តំណាងឱ្យជោគវាសនា នៃប្រទេសជាតិ និងប្រជារាស្ដ្ររបស់ទ្រង់ ក្នុងកាលៈទេសៈដ៏លំបាកបំផុតនៃសតវត្សទី២០ និងថា តួអង្គព្រះអង្គ ក៏តំណាងឱ្យការកសាងសន្ដិភាព ដែលមានប្រទេសបារាំងនៅក្បែរទ្រង់ជានិច្ច។ មិនតែប៉ុណ្ណោះ ព្រះអង្គ គឺជាស្ថាបនិក នៃឯករាជ្យជាតិកម្ពុជា ជាអ្នកការពារប្រទេសរបស់ទ្រង់ ដោយមិនចេះនឿយហត់លើឆាកអន្ដរជាតិ ហើយព្រះអង្គគឺជានិមិត្ដរូប នៃអ្នកនយោបាយអាស៊ី ដែលលើកតម្កើងនូវសមភាព និងការការពារអធិបតេយ្យភាព នៃប្រជាជាតិនានា។

ឯលោកនាយករដ្ឋមន្ត្រីជប៉ុន លោក ណូដា យ៉ូស៊ីហ៊ីកូ បានសរសេរក្នុងផ្ញើសារលិខិត ចូលរួមរមណទុក្ខថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានខិតខំ ព្យាយាមបំពេញព្រះរាជកិច្ចអស់រយៈពេលមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីស្វែងរកឯករាជ្យ សន្តិភាព និងស្ថិរភាព ជូនព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា ព្រះអង្គបានដើរតួនាទីដ៏សំខាន់បំផុតជានិមិត្តរូប នៃឯកភាពជាតិ ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងសន្តិភាព”។

លោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស សឹង្ហបុរី ក៏បានលើកឡើង ក្នុងសារលិខិត ចូលរួមរំលែកមរណទុក្ខដែរ ថាព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាវីរបុរស ដែលមានក្តីមេត្តាករុណា ដែលខិតខំប្រឹងប្រែង មិនចេះនឿយហត់ ដើម្បីនាំមកនូវសន្តិភាព និងវិបុលភាព ជូនប្រជាជនកម្ពុជា។ ព្រះរាជបញ្ញា និងការលះបង់របស់ព្រះមហាវីរក្សត្រ គឺជាប្រភេទនៃកម្លាំងដ៏ធំធេង និងភាពសុខដុម សម្រាប់ប្រជាជនកម្ពុជា”។

លោកប្រធានាធិបតីម៉ុងហ្គោលី TSAKHIANGIIN ELBEGDORI បានបញ្ជាក់ក្នុងសេចក្តីថ្លែង នៃសាររំលែកព្រះមរណទុក្ខព្រះមហាវីរក្សត្រ ដោយកោតសរសើចំពោះវីរភាពរបស់ព្រះអង្គថា ព្រះអង្គ គឺជាព្រះរាជា ដែលខិតខំ អស់ពីព្រះកាយពល ដើម្បីវិបុលភាព និងភាពរីកចម្រើនៃ ប្រទេសកម្ពុជា និងព្រះអង្គ ក៏ជាអ្នកចូករួមយ៉ាងសំខាន់ក្នុងការបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ក្នុងតំបន់ នៃភូមិភាគអាស៊ីអគ្នេយ៍។

ប្រទេសមីយ៉ាន់ម៉ា ក៏បានផ្ញើសារលិខិត ចូលរួមរំលែកព្រះមរណទុក្ខផងដែរថា ការសោយទី វង្គត របស់ព្រះមហាវីរក្សត្រនរោត្តមសីហនុ គឺជាការបាត់បង់កុលបុត្រ ដ៏ឆ្នើមរបស់កម្ពុជា។

ប្រធានាធិបតីអាល់ហ្សេរី លោក អាប់ដែលឡាហ្សីស ប៊ូតែហ្វលីកា បានចារក្នុងសារលិខិត ថា ព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ គឺជាបុព្វហេតុ ដែលជួយរំដោះប្រជាជាតិនានា ចេញពីរបបអាណានិគមន៍ ។

លោកបណ្ឌិត ស៊ូស៊ីឡូ បាំបាំង យូដូយ៉ូណូ ប្រធានាធិបតី នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី បានផ្ញើសារលិខិតចូលរួមរលែកព្រះមរណទុក្ខ លោកមានសេចក្តីសោកសង្វេកយ៉ាងក្រៃលែង និង សូមសំដែងនូវកាន់ទុក្ខដ៏ជ្រាលជ្រៅអស់ពីដួងចិត្តទាំងរូបលោក និងរបស់ប្រជាជនឥណ្ឌូនេស៊ី ចំពោះការសោយទិវង្គត របស់ថ្នាក់ដឹកនាំកម្ពុជាដ៏ឆ្នើម និងជារដ្ឋបុរស របស់កម្ពុជា គឺព្រះករុណាព្រះបាទ នរោត្តម សីហនុ”។ លោកបន្តថាព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបន្សល់នូវស្នាព្រហស្ថ ដ៏សំខាន់ពិតប្រាកដ មិនត្រឹមតែចំពោះប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកផងដែរ។ លោកនឹងចងចាំនូវការរួមចំណែកដ៏ធំធេងរបស់ព្រះអង្គ ដែលជានិច្ចកាល ព្រះបានជំរុញឲ្យមានសន្តិភាពតំបន់ វិបុលភាព និងការពង្រឹងសាមគ្គីភាព ក្នុងចំណោមប្រជាជាតិកំពុងអភិវឌ្ឍន៍។

យោងតាមព្រះជីវប្រវត្តិសង្ខេប អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ១៨ ព្រះវស្សា នៅខែមេសា ឆ្នាំ១៩៤១ បន្ទាប់ពីព្រះបាទ ស៊ីសុវត្ថិមុនីវង្ស ចូលទីវង្គត។ ព្រះអង្គ ជាព្រះរាជបុត្រច្បង របស់ព្រះបាទ នរោត្តមសុរាម្រិត និងព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរ័ត្ន។ ព្រះអង្គ បានសិក្សានៅសាលាបារាំងនៅរាជធានីភ្នំពេញ និងយាងទៅបន្តការសិក្សា នៅទីក្រុងព្រៃនគរ នៃវៀតណាមខាងត្បូង។ ព្រះអង្គ បានធ្វើបូជនីយកិច្ចទាមទារឯករាជ្យពេញលេញ ពីអាណាព្យាបាលបារាំង មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយគ្មានការបង្ហូរឈាម។ ជាមួយគ្នានេះដែរ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះនរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ធ្វើឲ្យកម្ពុជា ក្លាយជាកោះដ៏មានសុខសន្តិភាព ធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងគុជ់នៅអាស៊ី និងជាឋានសួគ៌ នៃមនុស្សជាតិ ។

ព្រះករុណា សម្តេចឪ ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ គឺបាត់ដំបង និងសៀមរាប កំពង់ធំ និងស្ទឹងត្រែង រួមទាំងធ្វើឲ្យកម្ពុជាឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នាថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។

ព្រះអង្គក៏ជាកំពូលវរៈសិល្បករដ៏ឆ្នើម ផ្នែកនិពន្ធ ដឹកនាំរឿង ផលិតភាពយន្ត ការតែងនិពន្ធបទភ្លេង និងទំនុកច្រៀង ដ៏ប៉ិនប្រសប់ផងដែរ។ក្រៅពីនេះ ព្រះអង្គ គឺជាតួអង្គដ៏សំខាន់ ក្នុងការស្វែងរកសន្តិភាព និងផ្សះផ្សាជាតិ សម្រាប់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា ទី២ នាឆ្នាំ១៩៩៣៕ ព្រះអង្គគឺជាព្រះមហាក្សត្រ ដ៏មានៈបំផុត តែពោរពេញដោយស្នាមញញឹមជានិច្ច ក្នុងការទាមទាររកសេចក្តីសុខជូន ប្រជារាស្រ្តរបស់ព្រះអង្គ ហើយទ្រង់មិនរាថយឡើយទោះបីត្រូវទ្រាំរង់ចាំចំពោះពេលវេលាដ៏យូរ និងជាពេលវេលាដ៏ពិបាកកម្រិតណាក៏ដោយ។ ព្រះអង្គនៅតែព្យាយាមធ្វើកិច្ចការព្រះអង្គដដែលៗ ប្រៀបដូចកម្លាំងទឹកធ្លាក់លើផ្ទាំងថ្ម រហូតធ្វើឲ្យគេគ្រប់គ្នាខ្លបខ្លាច ចំពោះការតស៊ូ និងភាពក្លាហាន របស់ព្រះអង្គ។

ព្រះគុណូបការៈ នៃស្នាព្រះហស្ថ ដ៏មានតម្លៃមហាសាល និងព្រះរាជសកម្មភាព ដែលព្រះអង្គបានពុះពារ ដោយមិនខ្លាចនឿយហត់ ដើម្បីជាតិខ្មែរ ដើម្បីប្រជារាស្រ្តខ្មែរ ដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ពិតជាកំពូលវីរគំរូដ៏មហាប្រសើរ ធ្វើឲ្យប្រជារាស្រ្តខ្មែរពិបាកបំភ្លេច និងមិនអាចបំភ្លេចបាន។ កូនចៅ ចៅទួត របស់ព្រះអង្គនៅតែចងចាំ និងនឹងយកព្រះអង្គជាវីរគំរូ ក្នុងដួងចិត្ត ក្នុងមនសិការនិង ឆន្ទៈជានិច្ច។

ចែករំលែក

មតិយោបល់