សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា យុទ្ធសាស្រ្តសំខាន់ៗ ពីរ ដែលផ្តល់ផលប្រយោជន៍ ឱ្យកម្ពុជា ថៃ

156

36047338_1745170682198088_5128086137042108416_nក្នុងជំនួបជាមួយលោកតានឆៃយ៉ា ស៊្រីសុវណ្ណ អគ្គមេបញ្ជាការរងកងទ័ពថៃ កាលពីរសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព  សម្តេចតេជោ ហ៊ុន សែន  បានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធសាស្ត្រសំខាន់ៗពីរដែលផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជាតិនៃប្រទេសយើងទាំងពីរ គឺ

១) ប្រែក្លាយតំបន់អតីតសមរភូមិ ជាពិសេសនៅតាមព្រំដែនទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍។
២)ប្រែក្លាយតំបន់នៅតាមព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាងនេះទៅទៀតគឺធ្វើយ៉ាងណាជំរុញការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធទាំងប្រជាជន និងប្រជាជន ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ពិសេសនៅតាមព្រំដែននៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែនបន្តថា សម្តេចសូមសម្តែងនូវសេចក្តីសោមនស្សរីករាយនឹងមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ព្រោះនៅពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងរហូតទៅដល់ជាង៦ពាន់លានដុល្លារអាមេរិក។ សម្តេចតេជោបានលើកទឹកចិត្ត និងជំរុញអោយភាគីទាំងពីរ បន្តយកចិត្តទុកដាក់គាំទ្រនិងជំរុញធ្វើយ៉ាងណាឲ្យកំណើនទំហំពាណិជ្ជកម្មនេះកាន់តែលូតលាស់ និងរីកធំឡើងថែមទៀត ។

លោកឧត្តមសេនីយ៍ តានឆៃយ៉ា ស៊្រីសុវណ្ណ បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពេលនេះ គឺដើម្បីសម្តែងនូវភាវរកិច្ចជូនសម្តេចតេជោនាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្រ្តី និងមន្រ្តីសំខាន់ៗ នៃក្រសួងការពារជាតិ កម្ពុជា បន្ទាប់ពីរូបលោកត្រូវបានទទួលបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងទ័ពថៃ។ ទន្ទឹមនឹងនេះដែរ ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងកាន់តែល្អ រវាងព្រះរាជណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

លោកបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកក៏បានជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ប៉ុល សារឿន លើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរដើម្បីលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការយោធារផ្លាស់ប្តូរបទពិសោធន៍ផង និងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងមន្រ្តីនៃក្រសួងទាំងពីរផងដែរ។

ចែករំលែក

មតិយោបល់