សម្តេចតេជោហ៊ុន សែន ៖ កម្ពុជា ស្វាគមន៍ ការហោះហើរត្រង់ឥណ្ឌូនេស៊ី កម្ពុជា

149

35884169_1745205412194615_1744797646154891264_oក្នុងជំនួប ជាមួយលោក Sudiman Haseng ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងការហោះហើរត្រង់ពីប្រទេសឥណ្ឌូនេស៊ី មកកម្ពុជា សម្តេចស្វាគមន៍ និងចាត់ទុកថា គឺជាជ្រុងមួយ នៃការពង្រីកវិសាលភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ឲ្យបានកាន់តែរឹងមាំថែមទៀត។

សម្តេចបន្តថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះ លោក ឯកអគ្គរដ្ឋទូត គួរពិនិត្យមើលលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃវិស័យទាំងនេះ និងវិស័យផ្សេងៗទៀត ដែលអាចផ្តល់លទ្ធភាពជំរុញ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

លោក Sudima Haseng បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ថា លោកពិតជាមានការរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា ហើយលោក Sudima បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចរីកចម្រើនថ្មីទៀតតាមរយះការបង្កើននូវកិច្ចសសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ គឺជំរុញនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។

លោក Sudima បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពេលនេះមានក្រុម ហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើកជើងហោះហើរត្រង់ (Direct flight)មកកាន់ប្រទេសកម្ពុជា ហើយលោកនឹងខិតខំជួយជំរុញឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាននៅពេលខាងមុខ។

ចែករំលែក

មតិយោបល់