ប្រភពដើម និងមូលហេតុនៃការកើឡើងសង្រ្គាមត្រជាក់

1166

khmer_rouge_entered-pp-2015-04-17-2015-04-17-300x199សង្រ្គាមត្រជាក់បានវិវដ្តឡើងនៅពេលដែលមានការខ្វែងគំនិតគ្នា ទៅលើបែបផែន នៃពិភពលោក ក្រោយសង្រ្គាមលោកលើកទី២ ដោយបានបង្កើតឲ្យមានការសង្ស័យ និងមិនទុកចិត្តគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។

ទំនាស់នេះ ដំបូងឡើយកើតឡើង ដោយសារប្រទេសប៉ូឡូញ។ ក្រុងម៉ូស្គូបានទាមទារឲ្យមាន រដ្ឋាភិបាលមួយស្ថិតនៅក្រោមឥទ្ធិពលរបស់សូវៀត ប៉ុន្តែ ក្រុងវ៉ាស៊ីនតោនចង់ឲ្យមានរដ្ឋាភិបាលតំណាងមួយ ដែលមានភាពតំណាងមួយ ដែលមានភាពឯករាជ្យជាងនេះ និងអនុវត្តតាមលោកខាងលិច។

សន្និសីទក្រុងយ៉ែលតា ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៥ បានឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលបើកចំហរឲ្យមានការបកស្រាយផ្សេងៗគ្នា។ ក្នុងចំណោម នៃសេចក្តី ដែលបានចែងក្នុងសន្និសីទនោះ គឺមានការសន្យាឲ្យមានការបោះឆ្នោត ដោយសេរី និងដោយការរឹតត្បិតនៅប្រទេសប៉ូឡូញ។

ក្នុងការប្រជុំគ្នាជាលើកដំបូង ជាមួយនឹងលោករដ្ឋមន្រ្តីក្រសួងការបរទេសសូវៀត លោក រ្យ៉ាឆេសស្លូ ម៉ូឡូតូវ លោកទ្រូម៉ាន់ បានបង្ហើបឲ្យដឹងពីគោលបំណងរបស់លោក ក្នុងការគំាទ្រ យ៉ាងរឹងមាំ នូវសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនប៉ូឡូញ ដោយឧទ្ទេសនាម ប្រាប់អ្នកការទូតសូវៀត ពីភាពចាំបាច់ឲ្យអនុវត្តន៍តាមកិច្ចព្រមព្រៀងក្រុងយ៉ែលតា។

នៅពេលដែលលោកម៉ូឡូតូវ បានតវ៉ា អំពីបញ្ហានេះ លោកទ្រូម៉ាន់ ក៏តបទៅវិញថា ក្នុងឆាកជីវិតរបស់ខ្ញុំ គ្មានអ្នកណា និយាយមកកាន់ខ្ញុំបែបនេះទេ (លោកទ្រូ ម៉ាន់ ជាអនុប្រធានាធិបតីអាមេរិកពិការជើង ក្រោមកក្លាយជាប្រធានាធិបតី និងដែលជាអ្នកធ្វើឲ្យអាមេរិកឈ្នះសង្រ្គាមជប៉ុន ក្នុងសម័យសង្រ្គាមលោកលើកទី២)។ សូមអនុវត្តកិច្ចព្រមព្រៀងរបស់លោកចុះ ហើយ និងគ្មានអ្នកណាមួយ និយាយទៅកាន់លោកបែបនេះដែរ។ ចាប់ពីពេលនេះ មកទំនាក់ទំនងរវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក ចាប់ផ្តើមរង្គោះរង្គើរ និងធ្លាក់ចុះ។

ក្នុងអំលុង នៃបណ្តាខែបញ្ចប់សន្ធិសញ្ញា នៃសង្រ្គាមលោកលើកទី២ កងកម្លាំងយោធាសូវៀតបានកាន់កាប់អឺរ៉ុបភាគកណ្តាល និងភាគខាងកើតទំាងអស់។ ក្រុងម៉ូស្គូបានប្រើប្រាស់អំណាចយោធារបស់ខ្លួន ដើម្បីគំាទ្រ កិច្ចប្រឹងប្រែងរបស់គណបក្សកុម្មុនីស្ត នៅអឺរ៉ុបខាងកើត និងកាប់បំបាក់គណបក្សប្រជាធិបតេយ្យ។ គណបក្សកុម្មុយនីស្ត ដែលជំពាក់គុណម៉ូស្គូ ភ្លាមនោះ ក៏ពង្រីកអំណាច និងឥទ្ធិពលរបស់ខ្លួនទៅក្នុងគ្រប់ប្រទេស នៅក្នុងតំបន់នោះ ហើយទីបំផុត ក៏មានរដ្ឋប្រហារមួយនៅក្នុងប្រទេសឆេកូស្លូវ៉ាគី នៅឆ្នាំ១៩៤៨។

សេចក្តីថ្លែងការ ជាសាធារណៈនានាបានកំណត់នូវការចាប់ផ្តើម នៃសង្រ្គាមត្រជាក់។ នៅឆ្នាំ១៩៤៦ ស្តាលីន បានប្រកាសថា សន្តិភាពអន្តរជាតិ មិនអាចកើតមានទេ នៅក្រោមការវិវដ្តមួយរបស់មូលធននិយមបច្ចុប្បន្ន នៃសេដ្ឋកិច្ចពិភពលោក។ លោកវីនស្តុន ឈើឈីល ជានាយករដ្ឋមន្រ្តី សម័យសង្រ្គាមនៃចក្រភពអង់គ្លេស បានធ្វើសុន្ទរកថា ដ៏អស្ចារ្យមួយ នៅហ្វ៊ុលតុន រដ្ឋមីសូវី ដោយលោកទ្រូម៉ាន់ អង្គុយនៅលើវេទិកានោះដែរ ក្នុងពេលថ្លែងសុន្ទរកថានោះ។ លោកឈើឈីល ថ្លែងថា ចាប់ពីស្តេតទិន នៅបាលទិក រហូតទៅដល់ទ្រីយេស្ត នៅអាទ្រិយាទិក រនាំងដែកមួយ បានគ្របដណ្តប់នៅពេញទំាងទ្វីបនោះហើយ។ លោកប្រកាសបន្ថែមថា អង់គ្លេស និងហសរដ្ឋអាមេរិក ត្រូវតែរួមដៃគ្នា ក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់សហភាពសូវៀត។

ការហ៊ុមព័ទ្ធ

ការហ៊ុមព័ទ្ធសហភាពសូវៀតបានក្លាយទៅជានយោបាយរបស់អាមេរិក នៅក្នុងបណ្តាឆ្នាំនានា ក្រោយសង្រ្គាមលោកលើកទី២។ លោក ហ្សក គៀននែន ឥស្សរជនកំពូលនៅស្ថានទូតអា មេរិក ប្រចាំនៅក្រុងម៉ូស្គូ បានកំណត់នូវនិន្នាការថ្មីនេះ នៅក្នុងសារទូរលេខ ដ៏វែងមួយ ដែលបានផ្ញើជូនក្រសួងការបរទេសអាមេរិក ក្នុងឆ្នាំ១៩៤៦។ ក្រោយពីគាត់ត្រឡប់មកអាមេរិកវិញ គាត់បានពង្រីកការវិភាគរបស់គាត់ នៅក្នុងអត្ថបទមួយ ដែលចុះហត្ថលេខាជាអក្សរ(X) ក្នុង ទស្សវាដ្តី ដ៏ល្បីល្បាញឈ្មោះកិច្ចការបរទេស។

ដោយចង្អុលបង្ហាញពីការព្រួយបារម្ភ ជាប្រពៃណីរបស់រុស្សីទៅលើបញ្ហាសន្តិសុខនោះ លោក គៀននែន បានលើកឡើងនូវហេតុផលថា សហភាពសូវៀត នឹងមិនបន្ទន់ជំហររបស់ខ្លួន ក្រោមកាលៈទេសៈណាមួយឡើយ។ លោកសរសេរបន្តថា ក្រុងម៉ូស្គូមានជំនឿយ៉ាងប្តូរផ្តាច់ជាមួយសហរដ្ឋអាមេរិកថា នឹងពុំមានកិច្ចព្រមព្រៀងបណ្តោះអាសន្នណាមួយឡើយ ដូច្នេះហើយ វាជាបំណង និងជាការចាំបាច់ ដែលគេត្រូវរំខាននូវភាពសុខដុមរមនា នៃសង្គមរបស់យើង។

ការគាបសង្កត់របស់ក្រុងម៉ូស្គូ ដើម្បីពង្រីកអំណាចរបស់ខ្លួន ត្រូវតែបញ្ឈប់តាមរយៈ ការហ៊ុមព័ទ្ធ ដ៏ម៉ឺងម៉ាត់ និងយ៉ាងប្រុងប្រយ័ត្ន នូវនិន្នាការពង្វាតទីរបស់រុស្សី។

ការអនុវត្តន៍ ដ៏សំខាន់ដំបូង នូវទ្រឹស្តីហ៊ុមព័ទ្ធ បានកើតមានឡើងនៅសមុទ្រមេទែរឌីរ៉ាណេ ភាគខាងកើត។ ចក្រភពអង់គ្លេស បានគំាទ្រប្រទេសក្រិក ដែលនៅទីនោះកងកម្លាំងកុម្មុយនីស្ត បានគំរាមកំហែងរបបរាជាធិតេយ្យ កាន់អំណាចក្នុងសង្រ្គាមស៊ីវិលមួយ និងគំាទ្រប្រទេសទួរគី ដែលនៅទីនោះសហភាពសូវៀត បានគាបសង្កត់ដើម្បីឲ្យបានដឹងសម្បទាន និងសិទ្ធកសាងមូលដ្ឋាននាវា បូស្គូរាស់។

នៅឆ្នាំ១៩៤៧ អង់គ្លេសបានប្រាប់សហរដ្ឋអាមេរិកថា អង់គ្លេសពុំអាចមានលទ្ធភាពផ្តល់ជំនួយ បែបនេះតទៅទៀតបានទេ។ ភ្លាមនោះ ក្រសួងការបរទេសអាមេរិក បានគ្រោងការមួយ សម្រាប់ជំនួយរបស់អាមេរិក។ ប៉ុន្តែ អ្នកដឹកនាំព្រឹទ្ធសភា ដូចជាលោកអាធីរ វ៉ាន់ដេន វ៉ាន់ដេនប៊ើកជាដើម បានប្រាប់លោក ទ្រូ ម៉ាន់ ថា ការគំាទ្រនយោបាយអន្តរាគមន៍ថ្មីនេះ អាចប្រព្រឹត្តទៅបានលុះត្រាគាត់មានឆន្ទៈផ្តើម (បណ្តេញនរកឲ្យចេញពីប្រទេស)។ លោកទ្រូម៉ាន់ ក្រោយពីទទួលការប្រឹក្សានេះហើយ ក៏ត្រៀមខ្លួនធ្វើដូច្នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលក្រោយមកគេស្គាល់ថា ជាទ្រឹស្តី ទ្រូ ម៉ាន់ លោកទ្រូ ម៉ាន់ បានប្រកាសថា ខ្ញុំជឿថា ត្រូវ តែ ធ្វើឲ្យទៅជានយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការគំាទ្រប្រជាជនសេរី ដែលកំពុងតែទប់ទល់ នឹងការត្រួតត្រា ពីជនប្រដាប់អាវុធមួយចំនួនតូច ឬក៏ពីការគាបសង្កត់ពីខាងក្រៅ។

ក្នុងទិសដៅនេះ លោកទ្រូ ម៉ាន់ បានស្នើសុំសភា ឲ្យផ្តល់ទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ដើម្បីជាជមនួយសេដ្ឋកិច្ច និងយោធា ដល់ប្រទេសក្រិក និងទួរគី ហើយទឹកប្រាក់នោះ ក៏ត្រូវ បានគេអនុម័តឲ្យប្រើប្រាស់តាមសំណូមពរ។

គេនិយាយថ មូលហេតុ ដែលសង្រ្គាមត្រជាក់ កើតឡើងក្រោយសង្រ្គាមលោកលើកទី២នោះ គឺសោយសារអាមេរិក និងរុស្សីខ្វែងគំនិតគ្នា ពីបញ្ហាប៉ូឡូញ។ អាមេរិក ចង់ឲ្យប៉ូញ ស្ថិតនីៅឯករាជ្យ ប៉ុន្តែរុស្សី ចង់ឲ្យប៉ូឡូញ ស្ថិតនៅក្រោមអាណានិគមន៍របស់ខ្លួន។

ការខ្វែងគំនិតនេះ ធ្វើឲ្យអាមេរិក និងរុស្សីចាប់ផ្តើមលែងទុកចិត្តគ្នា និងស្ស័យគ្នាទៅវិញទៅមក រួចចាប់ផ្តើមស្វែងរកសម្ព័ន្ធមិត្ត នៅតាមតំបន់ផ្សេងៗ ដើម្បីគាំទ្រយុទ្ធសាស្រ្តរបស់ខ្លួន។
ពេលរុស្សីចាប់វៀតណាម និងចិន អាមេរិក ចាប់វៀតណាម និងខ្មែរ ថៃ និងជប៉ុន កូរ៉េ។ ដើម្បីឈ្នះរុស្សីបាន អាមេរិកព្យាយាមបំបែកវៀតណាមជាពីរ បំបែកកូរ៉េជាពីរបំបែកខ្មែរជាពីរ។ ទីបំផុត ប្រទេសក្នុងតំបន់អាស៊ី ជាពិសេសកម្ពុជា ត្រូវបានខ្ទេចខ្ទាំ ឆ្ទើរក្លាយជាផេះផង់ ដោយសារសង្រ្គាមត្រជាក់។

នៅក្នុងសៀវភៅ ដែលនិយាយពីកម្រងប្រវត្តិសាស្រ្តអាមេរិក គេមិនបាននិយាយលម្អិត អំពី សកម្មភាព ឬនយោបាយអាមេរិក ដែលអូសទាញកម្ពុជា ឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមនៅកម្ពុជាទេ។ គេមាននិយាយរៀបរាប់ តែបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកនិពន្ធ បានសរសេរថា ស្របពេលដែល ដកកងទ័ពយ៉ាងយឺតៗចេញពីវៀតណាមនោះ លោកនិចសុន បានបញ្ជាឲ្យទម្លាក់ គ្រាប់បែកយ៉ាងសាហាវបំផុតនៅក្នុងសង្រ្គាមនេះ។ គាត់(លោកនិច សុន) ក៏បានលុកលុយ ចូលមកប្រទេសកម្ពុជាផងដែរ នៅឆ្នាំ១៩៧០ ដើម្បីកាត់ផ្តាច់ខ្សែរយៈផ្គត់ផ្គង់ស្បៀង របស់ វៀតណាមខាងជើង។ ប្រការនេះ បាននាំឲ្យមានការតវ៉ា និងបាតុកម្មមួយព្រឹបទៀត នៅពេលដែល និស្សិតនៅសកលវិទ្យាល័យ ជាច្រើនដង្ហែរក្បួនប្រឆាំង។

ប្រជាជនអាមេរិកជាច្រើន បានស្លុតចិត្ត ចំពោះការលុកលុយចូលក្នុងប្រទេសកម្ពុជា របស់កងទ័ពអាមេរិក។

ឥឡូនេះ គេឃើញការឈ្លានពានរបស់រុស្សី និងការលូកដៃរបស់អាមេរិក ព្រំទំាងអង្គការសហប្រជាជាតិ បានកក្រើកឡើងជាថ្មី ទៅលើទឹកដីអ៊ុយ ក្រែន។ រុស្សី ចង់គ្រប់គ្រងអ៊ុយ ក្រែន ចំណែកឯអាមេរិក ចង់ការពារអ៊ុយ ក្រែនពីការឈ្លានពាននេះ។ មានសំណួរសួរថា តើអាច នឹងកើតសង្រ្គាមលោកលើកទី២ ឬសង្រ្គាមត្រជាក់លើទី២ទៀតទេ???។

(ដកស្រង់ពីសៀវភៅ កម្រងប្រវត្តិសាស្រ្តអាមេរិក)

ចែករំលែក

មតិយោបល់