ឃាតក លាក់មុខ

490

ឧត្តម ជាយុវនិស្សិតអាយុ២៦ឆ្នាំម្នាក់ រៀននៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងភ្នំពេញ ផ្នែកសំណង់។ឧត្តមជាកូនប្រុសទោលរបស់លោកឧត្តមសេនីយ៍ ទាហាន ម្នាក់ឈ្មោះឧត្តរប្រចាំការនៅព្រះវិហារ។

រាត្រីមួយ ក្រោយពីបញ្ចប់ការសិក្សា ឧត្តមនិងមិត្តភក្តិនាំគ្នាទៅញុំាអាហារ នៅហាងបៀរហ្គាឌិនមួយឈ្មោះសម្រស់រាត្រី។នៅទីនោះ មាននារីៗបម្រើស្រាបៀរស្អាត គួរឲ្យចាប់អារម្មណ៍។

ក្នុងចំណោមនារីៗទាំងអស់ ដែលស្លៀកពាក់ ខ្លះសំពត់ខ្លី ខ្លះខោខូវប៊យខ្លី លើជង្គង់ និង ពាក់អាវរឹបរាង ខ្លះបញ្ចេញគល់សុដន់កំពុងអង្គុយលើកៅអីរង់ចាំភ្ញៀវក្រោមពន្លឺភ្លើងចម្រុះពណ៌ ឧត្តមមិនបានមើលមុខពួកនាងទេ ទោះបីនារីៗទាំងនោះលើកដៃសំពះ និង និយាយថា ជម្រាបសួរបង អញ្ជើញចូលចា ក៏ដោយ។

ប៉ុន្តែ ពេលមកដល់ខ្ចុះអង្គុយ ខណៈមេការស្រី ដែលស្ថិតក្នុងវ័យ២៣ ឆ្នាំ ក្នុងសម្លៀកបំពាក់ខ្មៅសំពត់ឆែក និង ខ្លីលើជង្គង់បង្ហាញសាច់ស មកសួរ ថាត្រូវការអ្វី ឧត្តមបែរជាពេញចិត្តចំពោះមេការនោះទៅវិញ ហើយនិយាយថា ជំហានដំបូង បងត្រូវការអូនឯង។

ឧត្តមជាយុវនិស្សិតរួសរាយ តែស្រលាញ់ និង ស្មោះត្រង់ម្នាក់។គេមិនចេះ កុហក់ និង បោកប្រាស់អ្នកណាទេ។

មេការបៀរហ្គារឌិន ពេលឮឧត្តមនិយាយដូច្នេះ មិនបានមានប្រតិកម្មអ្វីទេ ដោយគ្រាន់ តែបញ្ចេញនូវស្នាមញញឹមយ៉ាងស្រស់ និងតបសម្តីមកវិញយ៉ាងខ្លីថា ចា អរគុណបង ដែលចូលចិត្តខ្ញុំ រួចនាងបន្តសួរដដែល បងត្រូវការញុំអី? ត្រូវការស្រីអង្គុយទេ?។

មិត្តភក្តិទាំងអស់របស់ឧត្តម បានតម្រូវឲ្យមេការហៅស្រីមកមើល និងជ្រើសរើសឲ្យ អង្គុយក្បែររៀងៗខ្លួន។ចំណែក ឧត្តម មិនព្រមយកស្រីណាមួយមកអង្គុយទេ ទោះជានារី នៅនោះក្មេង ឬស្ងាតយ៉ាងណាក្តី ដោយគេនៅតែទាមទារ យកមេការមកអង្គុយដដែល។ ដោយគ្មានមធ្យោបាយ មេការឈ្មោះដាលីស បានសម្រេចចិត្តមកអង្គុយជាមួយឧត្តម តែ នាង ប្រាប់ថា នាងមិនអាចអង្គុយជាប់រហូតបានទេ ព្រោះនាងត្រូវការមើលភ្ញៀវ ដែលចូលមកថ្មី និង ភ្ញៀវដទៃទៀត ដែលកំពុងទទួលទានអាហារ។

សំណើររបស់ដាលីស មិនបានធ្វើឲ្យឧត្តមខឹងទេ គេបានស្វាគមន៍ ចំពោះការលើកឡើងរបស់នាង។គេនិយាយថា មិនអីទេ អូនទៅណាទៅទៅ តែត្រូវឧស្សាហ៍មកមើលនៅ ទីនេះ។នាងក៏យល់ព្រមតាមសំណើរបស់ឧត្តមវិញ។និយាយហើយ ដាលីសក៏ងើបដើរ ចេញទៅ តែត្រូវបានឧត្តមចាប់ដៃជាប់ ហើយនិយាយសុំឲ្យដាលីស ញុំាស្រាបៀរអស់មួយ

កែវសិន។បន្ទាប់មក ទំនាក់ទំនងរបស់ពួកគេហាក់មានការស្អិតរមួតឡើង និងបង្ហាញពីការចូលចិត្ត និងចង់រាប់អានគ្នា។ពួកគេបានយកលេខទូរស័ព្ទគ្នា និងទាក់ទងគ្នា ក្រោយពី ចេញពីបៀហ្គាឌិន។

ឧត្តមបានទូរស័ព្ទទៅដាលីស បន្ទាប់ពីគេមកដល់ផ្ទះ ហើយនាងក៏បានសុំឲ្យឧត្តមមក ទទួលនាងទៅផ្ទះផង ព្រោះនាងចេញពីធ្វើការហើយ ហើយពុំមានអ្វីជិះទេ។ការស្នើរបស់នាង ហាក់ជាឧិកាសល្អសម្រាប់ឧត្តមដែរ ។មិនបង្អង់យូរ គេក៏ចេញម៉ូតូមកយកនាងភ្លាម ហើយទីបំផុត ពួកគេបែរជាសម្រេចចិត្តមិនទៅគេងនៅផ្ទះរៀងៗខ្លួនទេ គឺទៅផ្ទះសំណាក់ទៅវិញ។ ពេញមួយរាត្រី ពួកគេរួមរ័កគ្នាយ៉ាងសប្បាយរីករាយ និង ពេញចិត្តរៀងៗខ្លួន។

មិនយូរប៉ុន្មាន ដាលីស ក៏ត្រូវបុរសចំណាស់ឈ្មោះឧត្តរ ដែលតែងតែមកញុំាអាហរនៅហាងរបស់នាងធ្វើការទាក់ទង និងយកធ្វើជាស្រីកំណាន់របស់គាត់ដែរ។តែឧត្តមមិនដឹងរឿងនេះទេ ឯដាលីស ក៏បានលាក់រឿងនេះ មិនឲ្យឧត្តមដឹងដែរ។ពីរនាក់ឧិពុកកូន មិនបានដឹងថា ស្រលាញ់ស្រីតែមួយទេ ហើយដាលីសក៏មិនដឹងថា ឧត្តមជាកូនស្រុសរបស់លោកឧត្តរដែរ ។នាងតែងតែ ណាត់ពួកគេមិនឲ្យមកជួបគ្នាទេ ពេលលោកឧត្តរមកហាង នាងប្រាប់ឧត្តមថា នាងមិនមកធ្វើការទេ មានធុរៈ និង ពេលឧត្តមមក នាងប្រាប់លោកឧត្តរថា នាងមិនធ្វើការដូចគ្នា។ពេលខ្លះនាងបានយកប្រាក់ពីលោកឧត្តមមកឲ្យឧត្តម ពេលឧត្តមត្រូវការបង់ថ្លៃសាលា។ នាងមិនស្រលាញ់លោកឧត្តរទេ ទោះបីនាងទៅរួមដំណេកជាមួយម្តងម្កាលក៏ដោយ គឺនាងទៅ គ្រាន់តែបំពេញបំណងម្ចាស់ប្រាក់នោះតែប៉ុណ្ណោះ។ តែនាងមានចិត្តស្មោះត្រង់ចំពោះឧត្តមព្រោះឧត្តមនិងនាងបានយល់ចិត្តគ្នាច្រើន និង មិនដែលស្រលាញ់គ្នាដើម្បីតែប្រាក់ ឬរួមភេទទេ។

ភាពប៉ិនប្រសប់ក្នុងការកុហក់របស់នាង ថ្ងៃមួយក៏បានបរាជ័យ ព្រោះលោកឧត្តរ បានសង្ស័យនាង ហើយមកតាមដាន។លោកឧត្តរ បានឃើញនាង កំពុងស្និទ្ធស្នាលជាមួយឧត្តម ជាកូនប្រុស ក៏មានការខឹងសម្បារជាខ្លាំង។លោកឧត្តរ បានធ្វើជាទូរស័ព្ទមកពីចម្ងាយ និង សួរនាំនាង ពីទុក្ខធុរៈ នាងក៏ឆ្លើយតាមទម្លាប់កុហក់របស់នាង តែត្រូវលោកឧត្តរ និយាយបែបបញ្ឈឺមកវិញថា មានធុរៈ កំពុងឧិបប្រុសក្មេងហ្នឹងមែនទេអូនសម្លាញ់?។ពាក្យ សម្តីរបស់លោក ឧត្តរ ធ្វើឲ្យនាងភ្ញាក់ផ្អើល ហើយគិតថា លោកឧត្តរ ពិតជាសង្ស័យ ឬក៏ដឹងរឿងរបស់នាង។ ភ្លាមនោះ បន្ទាប់ពីចុចបិទទូរស័ព្ទ នាងក៏សុំឧត្តមចេញមកក្រៅ ព្រោះក្រែងលោកឧត្តរនៅក្បែរ តែនាងមិនអាចរក លោកឧត្តរឃើញទេ ព្រោះលោកឧត្តរ បានចូលទៅក្នុងខ្ចុះមួយផ្សេងទៀត តែលោកឧត្តរ បានឃើញនាងច្បាស់ណាស់។លោកឧត្តរ មានទឹកមុខមិនសប្បាយចិត្តទេ គាត់ ក៏ខលមកនាងម្តងទៀត ហើយប្រាប់ថា តើនាងដឹងទេ ថាអាប្រុសនោះវាជាអុ្នកណា? វាជាមនុស្ស ដែលខ្ញុំបង្កើត ខ្ញុំចិញ្ចឹម និង ឲ្យលុយវារៀនរាល់ថ្ងៃ។ពាក្យនេះ កាន់តែធ្វើឲ្យនាងស្លន់ស្លោ និង ភ័ខ្លាំងឡើងថែមទៀត។នាងនៅតែដើររកមើលលោកមិនឃើញ និងមិនយល់សម្តីលោកឧត្តរដដែល។

ក្រោយពីដើររកមួយជុំមិនឃើញ នាងក៏ត្រឡប់ទៅជួបនឹងឧត្តមវិញ។ឧត្តម ដែលមិនបានដឹងរឿងនេះ មិនបានគិតអ្វីក្រៅពីបបួលនាងជល់កែវ និង បញ្ចុកសាច់ក្លែមមកនាងទេ។នាងគ្មានអារម្មណ៍ទទួលទានទេ ហើយបានបបួលឧត្តមចេញហាងយ៉ាងប្រញាប់។ឧត្តម មានការងឿងឆ្ងល់ ហើយនាងថា មានរឿងអី បានជាប្រញាប់ម៉្លេះ?នាងប្រាប់ថា ចាំពេលក្រោយ នាងនឹងប្រាប់រឿងនេះ។ឧត្តម បានចេញមកក្រៅតាមការតឿនរបស់នាង ហើយជិះឡានចេញ ទៅជាមួយនាង។ តែទើបតែចេញបានបន្តិច រថយន្តរបស់ឧត្តម ត្រូវបានរាំងមុខដោយរថយន្ត និង ម៉ូតូចំកណ្តាលផ្លូវ។ឧត្តម បានរ៉ឺយ៉ែរ រថយន្តថយមកវិញ តែត្រូវរថយន្តមួយទៀត បើកមក បាំពីក្រោយជាប់។ឧត្តម និងដាលីស មានភ័យយ៉ាងខ្លាំង ដោយមុខរបស់គេទាំងពីរគ្មានឈាម ឡើយ។បន្តិចមកក៏លេចចេញនូវរូបរាងលោកឧត្តមសេនីយ៍ឧត្តរ។លោកឧត្តរ បានដើរជិតឧត្តម ហើយគោះទ្វារឲ្យឧត្តមបើកទ្វាររថយន្ត។ឧត្តម ដែលមិនដឹងរឿង ពេលឃើញឪពុក ក៏បើ ទ្វាររថយន្ត ហើយលោកឧត្តរ បានចាប់ទាញយកដាលីសចេញពីរថយន្តរបស់ឧត្តមទៅ។ឧត្តម ស្ទុះទាញដាលីសមកវិញ តែត្រូវក្រុមអង្គរក្សលោកឧត្តរចាប់ជាប់ ហើយលោកឧត្តរ បាននាំនាងឲ្យជិះរថយន្តលោកចេញទៅ។បន្ទាប់មក ពួកកងអង្គរក្ស បានឲ្យឧត្តមបើករថយន្តទៅផ្ទះវិញ។

ឧត្តមគ្មានសប្បាយចិត្តទេ គេបើករថយន្តបណ្តើរ ទូរស័ព្ទទៅនាងបណ្តើរ  តែនាងមិនព្រមលើកទូរស័ព្ទរបស់គេឡើយ។ពេលមកដល់ផ្ទះ ឧត្តមនៅតែមិនអស់ចិត្ត ហើយខលទៅនាងទៀត តែនាងមិនព្រមលើកសដដែល។បន្ទាប់មក ឧត្តមបានខលទៅលោកឧត្តរ និងប្រាប់ លោកឧត្តរ កុំឲ្យធ្វើបាបនាងអី ព្រោះជាមនុស្សល្អ ស្លូតបូត និង ត្រូវត្រូវទេ។លោកឧត្តរ ប្រាប់ មកឧត្តមវិញថា មិនអីទេ គាត់មិនធ្វើបាបនាងទេ តែគាត់ត្រូវការប្រដៅនាងខ្លះ។

ព្រឹកឡើង លោកឧត្តរបានត្រឡប់មកផ្ទះវិញ ខណៈឧត្តមមិនបានទៅរៀន ហើយលោក ឧត្តរ បានហៅឲ្យឧត្តមទៅជួបគាត់នៅក្នុងបន្ទប់។ឧត្តមបានចូលទៅជួបលោកឧត្តរ ប្រមាណជាជាងកន្លះម៉ោង ស្រាប់តែស្នូរកាំភ្លើងខ្លី ម៉ាកកាហាសិបប្រាំបួន បានលាន់ឡើងចំនួនមួយ គ្រាប់ ដែលសំឡេងគ្រាប់នេះ បានធ្វើឲ្យផ្អើលដល់លោកស្រីម៉ាលី ភរិយាលោកឧត្តរ និង អ្នកបម្រើក្នុងផ្ទះនាំគ្នាចេញមកមើល។

ពេលអ្នកស្រីម៉ាលី និង អ្នកបម្រើចេញមក ក៏ឃើញឧត្តមដើរចេញពីបន្ទប់លោកឧត្តមសេនីយ៍យ៉ាងរញីរញ័រ។ទាំងលោកស្រីម៉ាលីស និង អ្នកបម្រើ បានរត់យ៉ាងលឿនទៅរកបន្ទប់លោកឧត្តរ។ពេលមកដល់លោកស្រីម៉ាលី បានដួលសន្លប់មុខបន្ទប់ ពេលឃើញរាងកាយលោកឧត្តរ ដែលស្ថិតក្នុងឥរិយាបទអង្គុយលើកៅអីប្រណិត ពោរពេញទៅដោយឈាម និង ក្បាលលោកឧត្តរបានរយះធ្លាយ ដោយកម្លាំងគ្រាប់កាំភ្លើងដែលបានបាញ់។អ្នកបម្រើក៏ស្ទុះ ទៅទាញយកទូរស័ព្ទលោកឧត្តរខលទៅលេខ១១៩ រថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យ និង ខលទៅប៉ូលីសអន្តរាគមន៍ក្រុង។បន្តិចក្រោយមក រថយន្តសាមុយបានមកដល់ ដែលបម្រុងដឹកលោកឧត្តរ ទៅមន្ទីរពេទ្យ តែលោកបានផុតដង្ហើមទៅហើយ ហើយគេក៏បានទុកសពលោកឧត្តរ សម្រាប់ក្រុមនគរបាលជំនាញធ្វើកោសល្យវិច្ច័យ។រថយន្តសាមុយ ក៏ដឹកយកលោកស្រីម៉ាលីស ទៅមន្ទីរពេទ្យទៅ។

ចំណែកក្រុមនគរបាល ក្រោយពីធ្វើកោសល្យវិច្ច័យរួចរាល់ហើយ ក៏បានឃើញក្រយ៉ៅ ដៃរបស់ឧត្តមនៅជាប់នឹងកាំភ្លើងរបស់លោកឧត្តរ។ពួកគេក៏ធ្វើការឃាត់ខ្លួនឧត្តម និងបញ្ជូនទៅស្នងការនគរបាលក្រុង និង បញ្ជូនសំណុំរឿងទៅតុលាការដើម្បីធ្វើការស៊ើបអង្កេតបន្ត។

នៅចំពោះមុខនគរបាលជំនាញ និង ចៅក្រមស៊ើបសួរ ឧត្តមប្រាប់នគរបាលថា គាត់ជាអ្នកសម្លាប់លោកឧត្តរ ជាឪពុកពិតមែន។អ្នកបម្រើ និង ភរិយាលោកឧត្តរ ក៏បានប្រាប់នគរបាលថា ពួកគេបានឃើញ ឧត្តមដើរចេញពីបន្ទប់លោកឧត្តរមែន ក្រោយពីឮសំឡេងផ្ទុះ តែមិនបានឃើញគាត់បាញ់ទេ។ នគរបាលបន្តសួរទៅឧត្តមថា ហេតុអីបាញ់សម្លាប់ឪពុកឯង? ឧត្តមប្រាប់ថា លោកឧត្តរបានចាប់មនុស្សជាទីស្រលាញ់របស់ខ្លួន គឺនាងដាលីសយកទៅរំលោភ។ចៅក្រមស៊ើបសួរ បានចេញដីកាកោះហៅនាងដាលីសមកសាកសួរទៀត តែនាងបានបដិសេធថា ឧត្តមមិនមែនជាអ្នកសម្លាប់លោកឧត្តរទេ។លោកចៅក្រមសួរបន្តថា ហេតុអ្វីនាង ដឹង?នាងប្រាប់ថា មិនដឹងដែរ តែនាងធានាថា ឧត្តមមិនមែនជាអ្នកសម្លាប់លោកឧត្តរទេ រឿង នេះ មានតែលោកឧត្តរ និង ឧត្តមទេ ដែលដឹង។

នៅថ្ងៃជំនុំជម្រះ ឧត្តមនៅតែប្រាប់តុលាការថា គេជាអ្នកបាញ់សម្លាប់លោកឧត្តរជាឪ ពុក ដោយសារតែលោកឧត្តរដណ្តើមស្រីគេដដែល តែដាលីសជាសាក្សីនៅតែអះអាងថា ឧត្តមមិនបានសម្លាប់លោកឧត្តរដដែល។ទីបំផុត ឧត្តមត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២៥ឆ្នាំពីបទមនុស្សឃាតគិតទុកជាមុន។

ក្រោយពីតុលាការកាត់ទោសហើយ ដាលីស បានទៅសួរសុខទុក្ខឧត្តមដល់មន្ទីរឃុំឃាំង និងសួរថា ហេតុអ្វី បានជាឧត្តមមិននិយាយការពិត ?ឧត្តមប្រាប់ថា ជាប់គុក២៥ឆ្នាំមិនអីទេ គេទើបតែអាយុ២៦ ចេញមកវិញគេអាយុ៥១ឆ្នាំ តែគេមិនចង់ឲ្យកិត្តិយសឪពុករបស់គេ គ្រួសាររបស់បាត់បង់ទេ។ឧត្តមនិយាយថា ការពិតឪពុករបស់គេបានសម្លាញ់ខ្លួនឯង ដោយសារតែដឹងថា គាត់ផ្ទុកមេរោគអេដស៍ និងខ្មាសគេ គាត់សុំឲ្យបង្កើតរឿងនេះឡើង ដើម្បីរក្សាកិត្តិយសគ្រួសារ។ឧត្តមថា បើពួកគេមិនបង្កើតរឿងនេះឡើងទេ ឪពុករបស់គេ រួមទាំងក្រុមគ្រួសារផង នឹងមត្រូវអាម៉ាស់អស់មយយជីវិតមិនខាន។ស្តាប់ឧត្តមនិយាយយហើយ ដាលីសក៏ងក់ក្បាលទទួលយកពាក្យនេះ។

ប្រាំមួយខែក្រោយមក ឧត្តមត្រូវបានសាលាឧទ្ធរណ៍កោះហៅមកជម្រះម្តងទៀត បន្ទាប់ពីមានបណ្តឹងឧទ្ធរណ៍របស់ដាលីស និងម្តាយរបស់គេចំពោះរឿងនេះថា ជារឿងមិន ប្រក្រតី សាលាឧទ្ធរណ៍គួរសើររើឡើងវិញ។

ក្រោយពីពិនិត្យសារណាតបរបស់ឧត្តម និងការបំភ្លឺរបស់សាក្សី ដែរអះអាងថាឧត្តមពិតជាមនុស្សល្អ និងស្តាប់ខ្សែអាត់សំឡេង ដែលដាលីស បានលួចថតកាលពីនាងទៅសួរសុខទុក្ខឧត្តមមក ឧត្តមត្រូវបានសាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់ពីបទមនុស្សឃាត និង ដោះលែងឲ្យរួចខ្លួនពីបទឧក្រិដ្ឋ តែត្រូវដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀលវិញ ពីបទផ្តល់សក្ខីកម្មក្លែងក្លាយទៅឲ្យតុលាការ។

នេះជារឿងប្រឌិតមួយ សូមមិត្តអ្នកអាន មេត្តាជួយផ្តល់យោបល់ចំពោះចំណុចខ្វះខាតទាំងឡាយ ជាពិសេសផ្នែកច្បាប់ ដែលកើតឡើងក្នុងរឿងនេះដល់ខ្ញុំបាទផង ។

ចែករំលែក

មតិយោបល់