ក្រុមហ៊ុន​ចិន​ជាង​២.០០០​មករក​ស៊ី​នៅ​កម្ពុជា​ជាមួយនឹង​ទុន​ជាង​មួយ​ម៉ឺន​លាន​ដុល្លារ

409

ភ្នំពេញ)៖ ទិន្នន័យពាណិជ្ជកម្មចិនបានបង្ហាញថា គិតមកទល់ពេលនេះមានក្រុមហ៊ុនចិនជាង ២.០០០បានដាក់ទុនវិនិយោគនៅកម្ពុជា ដោយមានទុនវិនិយោគសរុបយ៉ាងហោចណាស់ចំនួន១២,៥ ពាន់លានដុល្លារអាមេរិក។ចំនួនក្រុមហ៊ុនចិននិងទំហំវិនិយោគអាចមានចំនួនច្រើនជាងនេះដោយសារក្រុមហ៊ុនមួយចំនួនមិនបានមកតាមរយៈស្ថានទូតនោះទេ។នេះបើតាមការឱ្យដឹងរបស់លោក សុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងសន្និសីទសារពត៌មានកាលពីរសៀលថ្ងៃទី៧ កុម្ភៈនៅស្ថានទូតចិន រាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថាកាលពីឆ្នាំ២០១៧វិនិយោគផ្ទាល់ចិននៅកម្ពុជាមានទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារស្មើនឹងមួយភាគបួននៃវិនិយោគបរទេសសរុបនៅកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីវិញសម្រេចបាន ៥,៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ កើនឡើងពី ៤,៧ពាន់លានដុល្លារកាលពីឆ្នាំ២០១៦។រហូតមកទល់ពេលនេះមានក្រុមហ៊ុនចិនជាង២.០០០ ដែលបានវិនិយោគនៅប្រទេសកម្ពុជាលើវិស័យជាច្រើន។

លោកទូតបន្ថែមថា គម្រោងវិនិយោគធំៗនៅកម្ពុជាបច្ចុប្បន្នរបស់ក្រុមហ៊ុនចិន មានដូចជា វារីអគ្គិសនី ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ជាឥណទានសម្បទានវិស័យកសិកម្ម វិស័យឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ និងស្បែកជើងដោយមានរហូតដល់៧០ភាគរយនៃក្រុមហ៊ុនសរុបដែលបានវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។សព្វថ្ងៃអ្នកវិនិយោគចិនក៏កំពុងបណ្ដាក់ទុនលើវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកំពុងទាក់ទាញអ្នកវិនិយោគចិនផងដែរ។

ចំណែកវិស័យទេសចរវិញ កាលពីឆ្នាំ ២០១៧ ភ្ញៀវទេសចរចិននៅកម្ពុជាមាន១,២ លាននាក់ កើនឡើងជាង៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ ដែលធ្វើឲ្យចិនក្លាយជាភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេនៅកម្ពុជា វ៉ាដាច់ភ្ញៀវទេសចរជនជាតិវៀតណាមមកទស្សនាកម្ពុជា។នៅឆ្នាំ២០២០ មានការព្យាករថាទេសចរចិននឹងកើនដល់ជាងពីរលាននាក់។

ដោយឡែក រដ្ឋាភិបាលចិន បានទាមទារឱ្យសហគ្រាសចិនដែលមកវិនិយោគនៅកម្ពុជា បំពេញកាតព្វកិច្ចសង្គមនៅកម្ពុជាផងដែរដូចជា សកម្មភាពសប្បុរសធម៌ជាដើម និងគោរពច្បាប់របស់កម្ពុជា៕

ដោយៈ សុផល/sn

ប្រភពរស្មីកម្ពុជាFebruary 10, 2018, 7:56 AM

ចែករំលែក

មតិយោបល់